តើគួរតែពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកប្រសើរជាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យយូរៗម្តងឬ?????


ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនបានបង្កើតឡើងដើម្បីចុះទៅពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតយកប្រាក់នៅតាមទីជនបទនិងទីប្រជុំជនមួយចំនួន។ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយចំនួនធំត្រូវបានបង្កើតឡើងដោយមន្ត្រីកំពូលមានរួមចាប់ពីប្រធានព្រឹទ្ធសភា រដ្ឋមន្រ្តី តំណាងរាស្រ្ត និងមន្ត្រីមួយចំនួនទៀតដែលសុទ្ធសឹងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេស។សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តភាគច្រើនចុះទៅពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅតាមតំបន់ដែលជាមណ្ឌលរបស់តំណាងរាស្រ្តឬមន្ត្រីនោះចុះទៅពង្រឹងមូលដ្ឋានបក្សជាក់ស្តែងដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែងគណបក្សប្រជាជនកម្ពុជាភាគច្រើនចុះទៅពិនិត្យព្យាបាលនៅតាមស្រុកនានានែខេត្តព្រៃវែង។រាល់ការចុះទៅពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តម្តងៗមានប្រជាពលរដ្ឋជាច្រើនកុះកររាប់រយរាប់ពាន់នាក់ពពាក់ពពូនគ្នាមកទទួលសេវាពិនិត្យនិងព្យាបាលជម្ងឺ។

ប្រជាពលរដ្ឋខ្លះមានជម្ងឺប្រចាំកាយស្រួចស្រាវ អ្នកខ្លះមានជម្ងឺរ៉ាំរ៉ៃធ្លាប់មកទទួលការព្យាបាលនៅមន្ទីរពេទ្យជាតិភ្នំពេញ (មួយចំនួនត្រឹមមន្ទីរពេទ្យបង្អែកខេត្ត ខ្លះទៀតត្រឹមមណ្ឌលសុខភាព) ហើយប្រជាពលរដ្ឋមួយចំនួនតូចមិនមានជម្ងឺអ្វីសោះ(មកយកថ្នាំទុកលេបពេលឈឺ)មកទទួលការពិនិត្យដោយពួកគាត់លើកឡើងថាគ្រូពេទ្យមកពីភ្នំពេញប្រហែលជាពូកែនិងមានសមត្ថភាព។សម្ភារ:បរិក្ខាអមវេជ្ជសាស្រ្ត ទាំងឪសថព្យាបាលសុទ្ធតែមានកម្រិត ឪសថខ្លះអាចបើកជូនបានយ៉ាងច្រើន៥ថ្ងៃហើយខ្លះទៀតបានច្រើនជាងនេះប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺជម្ងឺខ្លះត្រូវចាំបាច់ការពិនិត្យតាមដានតាមការកំណត់និងប្រើប្រាស់ឪសថច្រើនសប្តាហ៍ឬច្រើនខែហើយបេសកម្មរបស់ក្រុមគ្រូពេទ្យមានរយ:ពេលតែមួយថ្ងៃមិនដឹងថ្ងៃណាខែណាឆ្នាំណានិងមកពិនិត្យព្យាបាលម្តងទៀតឡើយ។ សំណួរចោទសួរថាតើនៅតំបន់នោះមានមណ្ឌលសុខភាពឬពេទ្យបង្អែកដែរឬទេ?បើមានតើវាឆ្លើយតបហើយឬនៅទៅនឹងតម្រូវការសេវាមូលដ្ឋានរបស់មនុស្សនៅតំបន់នោះ? បានជាប្រជាពលរដ្ឋរាប់ពាន់នាក់សម្រុកមកពិនិត្យនិងព្យាបាលក្នុងរយ:តែមួយថ្ងៃ?

 

និយាយជារួមការចុះទៅពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃនៅតាមទីជនបទបានរួមចំណែកជួយសម្រួលនូវទុក្ខលំបាកប្រជាពលរដ្ឋមួយកម្រិតនៅក្នុងគ្រាមានអាសន្នប៉ុន្តែគេមិនត្រូវភ្លេចនូវការពង្រឹងសមត្ថភាពនិងសេវានៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតប្រជាពលរដ្ឋរាល់ថ្ងៃនោះទេ៕

Comments

Popular posts from this blog

អ្វីទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ?

តើទៀនវស្សាមានអត្តន័យយ៉ាងណាចំពោះវត្តអារាមក្នុងកាលៈទេសៈសម័យបច្ចុប្បន្ននេះ?

ក្របខណ្ឌមន្ត្រីពន្ធនាគារ៖ ប្រកាសរើសវេជ្ជបណ្ឌិតមួយនាក់ដល់ពេលចេញលទ្ធផលជាប់ដល់ទៅពីរនាក់