អ្វីទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ?
អង្គការUNESCO មកពីពាក្យកាត់ United Nations Educational Scientific and Cultural Organization ដែលអាចប្រែថា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ។ អង្គការនេះមិនមែនជាស្ថាប័ណ្ឌទទួលបន្ទុកផ្នែកចុះបញ្ជីរកម្មសិទ្ធិបញ្ញាបិតិកភណ្ឌវប្បធម៌ទាំងរូបិយ ទាំងអរូបិយទេ ឬនិយាយសមញ្ញថា UNESCO មិនមែនជាស្ថាប័ណ្ឌតុលាការដែលកំណត់ ឬកាត់សេចក្តីថាជាតិសាសន៍ណាជាម្ចាស់ស្នាដៃសម្បត្តិវប្បធម៌នោះទេ។
អ្វីទៅជាសម្បត្តិបិតកភណ្ឌអរូបិយ (Intangible Cultural Heritage or ICH)?
ការកំណត់និយមន័យនៃពាក្យថា មរតកវប្បធម៌ ឬ Cultural Heritage ត្រូវអង្គការ UNESCO ផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានទស្សវត្សន៍ចុងក្រោយនេះ។ មរតកវប្បធម៌មិនសំដៅតែទីបុរាណដ្ឋាន (Monuments) មានដូចជាសំណង់ប្រាសាទជាដើម និងឧបករណ៍ ឬវត្ថុនានាពីបុរាណនោះទេ។ មរតកវប្បធម៌មានរាប់បញ្ចូលទាំងប្រពៃណី ឬការសំដែងនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលយើងស្នង ឬទទួលពីដូនតារបស់យើង និងផ្ទេរឱយកូនចៅ ជាច្រើនតំណរមក រួមមាន៖
– Oral Traditions: ប្រពៃណីដែលចាំពីមាត់មួយៗទៅមាត់មួយ មានដូចជាកំរងភាសា រឿងនិទាន កំណាព្យ ឬបទចំរៀង ពាក្យសូត្រដើម្បីបន់ស្រន់។ល។
– Performing Arts: ជាការសំដែងសិល្បៈ មានជាអាទិ៍ការសំដែងជារបាំ ការច្រៀងចំរៀងដោយមានតន្ត្រីអម និងការសំដែងល្ខោនជាដើម។ល។
– Social Practice, ritual and festival: ជាការប្រត្តិបត្តិរបស់សហគមន៍ មានដូចជាពិធីបន់ស្រន់ ឬបួងសួងអ្វីមួយ ពិធីបុណ្យដែលមានការរៀបចំចូលរួមពីសហគមន៍មួយ ឬច្រើនជាដើម ។ល។
– Knowledge and practices concerning nature and universe: ជាចំណេះដឹង ជាជំនាញ និងជាសមត្ថភាព ជាការប្រត្តិបត្តិ និងជាការសំដែងទាំងឡាយដែលបានបង្កើតឡើងដោយសហគមន៍នានា ហើយមានទំនាក់ទំនងជាធម្មជាតិ និងបរិស្ថាន។ ការគិត ឬការយល់ឃើញពីធម្មជាតិ និងសកលលោកនេះអាចស្តែងជាភាសា អារម្មណ៍ដែលភ្ជាប់ទៅនឹងទីកន្លែងនានាជាដើម។
– ចំណេះដឹង និងជំនាញក្នុងការផលិតឧបករណ៍ ឬវត្ថុប្រពៃណីអ្វីមួយ។
មរតកវប្បធម៌អរូបិយ ឬក៏សម្បត្តិបិតិកភណ្ឌអរូបិយ (Intangible Cultural Heritage) អាចមានភាពស្រដៀងគ្នារវាងសហគមន៍នានា ដូចជារវាងស្រុកភូមិនៅជិតគ្នា ក្រុងនិងក្រុង ប្រទេសនិងប្រទេស ដែលពួកគេទទួលយកពីមនុស្សដែលបានប្លាស់ប្តូរទីលំនៅ ឬការធ្វើអន្តរប្រវេសន៍ពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ ហើយមតរកវប្បធម៌អរូបិយនេះបានផ្ទេរពីមនុស្សជំនាន់មួយទៅជំនាន់មួយទៀតដោយមានការវិវឌ្ឍន៍ ប្រែប្រួលឱយត្រូវទៅតាមស្ថានភាព និងបរិស្ថានរបស់ស្រុកទេសទាំងនោះ។ ភាពខុសគ្នាដោយការប្រែប្រួលតំរូវទៅតាមស្ថានភាព និងបរិស្ថានរបស់ស្រុកទេសទាំងនេះស្តែងឱយឃើញពីលក្ខណៈដាច់ដោយឡែក និងជាអត្តសញ្ញាណរបស់សហគមន៍នានា និងជាចំណងភ្ជាប់ពួកគេពីអតីតកាលមកបច្ចុប្បន្ន និងទៅអនាគតផងដែរ។
មរតកវប្បធម៌អរូបិយ ឬក៏សម្បត្តិបិតិកភណ្ឌអរូបិយ (Intangible Cultural Heritage) ក្នុងន័យតំលៃជារួម មិនចោទជាសំនួរដែលថាតើការប្រត្តិបត្តិនានា ឬប្រពៃណីនានាជារបស់ជាតិសាសន៍ ឬជារបស់វប្បធម៌ណាមួយជាពិសេសឡើយ (ល្មមឈប់លីលាប្រើពាក្យថា UNESCO ព្រមទទួលថាជារបស់ខ្មែរទៅ)។ វាជាការចូលរួមចំណែកធ្វើឱយមានសមាហរន្តកម្ម ឬសាមគ្គីភាពក្នុងសង្គម (Social Cohesion) រួមចំណែកលើកតំកើងការយល់ដឹងពីអត្តសញ្ញាណ និងការទទួលខុសត្រូវដែលជួយឱយបុគ្គលទាំងឡាយមានអារម្មណ៍ថាពួកគេមានចំណែកក្នុងសហគមន៍ទាំងនោះដែរ។
សម្បត្តិបិតិកភណ្ឌអរូបិយ ក្នុងន័យជាតំណាង (Representative) មិនមែនមានន័យជាការផ្តល់តំលៃវប្បធម៌មួយថាល្អដោយប្រៀបធៀបលក្ខណៈមូលដ្ឋានរបស់វានោះទេ។ គេកំណត់ដោយពិនិត្យតំលៃជារួម (exclusivities) ឬលក្ខណៈពិសេសដាច់ដោយឡែក (Exceptional value)។ សម្បត្តិបិតិកភណ្ឌអរូបិយ វារីកដុះដាលដោយជោគជ័យក្នុងសហគមន៍នានា ហើយវាអាស្រ័យទៅលើការផ្ទេរចំណេះដឹងក្នុងប្រពៃណីទាំងនោះ ជំនាញទាំងនោះ និងទំនៀមទំលាប់ទាំងនោះទៅឱយអ្នកដទៃទៀតក្នុងសហគមន៍ ការផ្ទេរចំណេះដឹង និងជំនាញទាំងនោះពីជំនាន់មួយទៅជំនាន់មួយទៀត ឬពីសហគមន៍មួយទៅសហគមន៍ដទៃផ្សេងទៀត។
ប្រភព៖ FB Sok Chan Yutepol
ប្រភព៖ FB Sok Chan Yutepol
Comments
Post a Comment