តើទៀនវស្សាមានអត្តន័យយ៉ាងណាចំពោះវត្តអារាមក្នុងកាលៈទេសៈសម័យបច្ចុប្បន្ននេះ?



ទៀនវស្សាជាប្រភេទទៀនធំៗដែលធ្វើពីក្រមួននៅសម័យបុរាណទំហំប៉ុនទៀនជ័យដែលភិក្ខុសង្ឃប្រើសម្រាប់អុជបូជាព្រះរតនៈត្រៃន៍ និងអុជបំភ្លឺព្រះវិហារឬសាលាឆាន់នៅពេលរាត្រីប៉ុន្តែមានអ្នកខ្លះយល់ថាទៀនវស្សាត្រូវអុជជាប់រហូតអំឡុងពេលចូលវស្សាបើវារលត់នោះភិក្ខុនឹងដាច់វស្សារបស់ខ្លួន។ទៀនវស្សាសម័យបច្ចុប្បន្នមានតម្លៃថ្លៃដោយត្រូវបានគេរចនាជាក្បូរក្បាច់យ៉ាងស្អាតប្រណិតដែលក្នុងមួយគូមានតម្លៃចាប់ពីរាប់សិបដុល្លារហូតដល់រាប់រយដុល្លាទៀតក៏មានទៅតាមប្រភេទនិងទំហំទៀននិមួយៗ។មុនពេលនិងអំឡុងពេលចូលវស្សាជារាងរាល់ឆ្នាំពុទ្ធបរិស័ទតែងតែយកទេយវត្ថុទាំងឡាយមានដូចជា៖គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ហើយអ្វីដែលសំខាន់នោះគឺទៀនវស្សាដើម្បីប្រគេនភិក្ខុសង្ឃគង់ចាំវស្សាព្រោះថារដូវវស្សាមានភ្លៀងធ្លាក់ច្រើនភិក្ខុសង្ឃមានការលំបាននិមន្តគោចរបិណ្ឌបាត្រ។វត្តអារាមនានានៅក្នុងទីក្រុងឬទីប្រជុំជននានាមានពុទ្ធបរិស័ទប្រគេនទៀនវស្សាច្រើនគូររហូតដល់រាប់សិបគូរក៏មានរីវត្តអារាមនៅទីជនបទវិញយ៉ាងហោចណាស់ក៏មានពុទ្ធបរិស័ទប្រគេនទៀនវស្សាមួយឬពីរគូដែរ។បើក្រឡេកទៅមើលឃ្លាំងដាក់សម្ភារៈរបស់វត្តនៅទីក្រុងវិញទៀនវស្សាដែលពុទ្ធបរិស័ទប្រគេនគរលើគ្នាកំពស់លិចក្បាលក៏មាន ក្នុងនោះទៀនវស្សាធំៗខ្លះមួយដើមអាចអុជបន្តជាប់រហូតក្នុងអំឡុងពេលចូលវស្សាដល់ពេលពេលចេញវស្សាវិញមិនទាំងទាន់អស់ផងហើយភាគច្រើនគេអុជវានៅក្នុងសាលាឆាន់ឬព្រះវិហារប៉ុណ្ណោះដែលពេលខ្លះត្រូវបានគេពន្លត់ផងនៅពេលយប់ដើម្បីបង្ការអគ្គីភ័យជាយថាហេតុការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការទិញទៀនវស្សាដែលមានតម្លៃថ្លៃៗរហូតទៅដល់រាប់រយដុល្លាសម្រាប់ប្រគេនភិក្ខុសង្ឃដែលក្នុងមួយវត្តៗមានរាប់សិបគូរទៅហើយនោះហាក់បីដូចជាបង្ហាញពីភាពខ្ជះខ្ជាយថវិការហើយមិនបំពេញដល់សេចក្តីត្រូវការចាំបាច់ដែលត្រូវដោះស្រាយជាបន្ទាន់នោះទេ។ជារួមការប្រគេនទៀនវស្សាចំពោះព្រះសង្ឃនារដូវចូលវស្សាបានក្លាយទៅជាប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរទៅហើយប៉ុន្តែអ្វីដែលសំខាន់នោះការធ្វើទានទាំងឡាយត្រូវប្រកបដោយបញ្ញានិងត្រូវតាមកាលទើបវាផ្តល់ប្រយោជន៍ដល់ខ្លួនងផងផ្តល់ប្រយោជន៍ជារួមផង៕

Comments

Popular posts from this blog

អ្វីទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ?

ក្របខណ្ឌមន្ត្រីពន្ធនាគារ៖ ប្រកាសរើសវេជ្ជបណ្ឌិតមួយនាក់ដល់ពេលចេញលទ្ធផលជាប់ដល់ទៅពីរនាក់