ក្របខណ្ឌមន្ត្រីពន្ធនាគារ៖ ប្រកាសរើសវេជ្ជបណ្ឌិតមួយនាក់ដល់ពេលចេញលទ្ធផលជាប់ដល់ទៅពីរនាក់
យោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីការប្រឡងជ្រើសរើសសិស្ស-និស្សិតបញ្ចូលក្នុងក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃចំនួន ៣០៣នាក់ សម្រាប់ឆ្នាំ២០១៨ ដើម្បីបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទាំង៤ និងនៅពន្ធនាគាររាជធានី-ខេត្ត ជាមន្ត្រីប្រតិបត្តិនៅពន្ធនាគារ និងមន្ត្រីជំនាញឯកទេស។ក្នុងនោះក្របខណ្ឌមន្ត្រីជំនាញឯកទេសវេជ្ជបណ្ឌិតជ្រើសរើសចំនួន៥នាក់ ៖ មណ្ឌលអប់រំកែប្រែទី១ ចំនួន១នាក់ មណ្ឌលអប់រំកែប្រែទី៣ ចំនួន១នាក់ មណ្ឌលអប់រំកែប្រែទី៤ ចំនួន១នាក់ ពន្ធនាគារខេត្តកណ្តាលចំនួន១នាក់ និងពន្ធនាគារខេត្តសៀមរៀបចំនួន១នាក់ សរុបចំនួន៥នាក់។
សម័យប្រឡងបានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំពោះវិញ្ញាសារសរសេរ និងវិញ្ញាសារសម្ភាសន៍ផ្ទាល់មាត់បានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ដោយមានបេក្ខជនចំនួន១០៧នាក់ ក្នុងនោះបេក្ខជនវេជ្ជបណ្ឌិតចំនួន ៨នាក់។
លទ្ធផលប្រឡងបានប្រកាសនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែអ្វីដែលធ្វើឲ្យសធារណៈមតិក៏ដូចជាបេក្ខជនបានចូលរួមប្រឡង មានការងឿងឆ្ងល់និងសង្ស័យថាមានភាពមិនប្រក្រតីនោះគឺមណ្ឌលអប់រំកែប្រែទី១ ជ្រើសរើសវេជ្ជបណ្ឌិតចំនួនតែម្នាក់ប៉ុណ្ណោះប៉ុន្តែលទ្ធផលចេញមកគឺជាប់ជាស្ថាពរចំនួន២នាក់។លើសពីនេះទៅទៀតបេក្ខជនជាប់ជាស្ថាពរនៅពន្ធនាគារខេត្តកណ្តាលគឺមានអាយុរហូតដល់ ៥២ឆ្នាំ នៅឆ្នាំ២០១៩។
តើអ្នកណាអាចស្រាយចម្ងល់នេះបាន?
Comments
Post a Comment